នៅរសៀលថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងសុខាភិបាល។

សន្និបាតនេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ដ្រីរាជការនៃអង្គភាពថ្នាក់កណ្ដាល មន្ទីរសុខាភិបាលរាជធានី-ខេត្ដ ការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិ មន្ទីរពេទ្យបង្អែក គណៈអភិបាលរាជធានី-ខេត្ដទាំង២៥ តំណាងស្ថាប័ន និងក្រសួងពាក់ព័ន្ធ តំណាងសមាគមវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱសថសាស្រ្ត អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត។ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើវិស័យសុខាភិបាលនេះ ចាប់តាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមបិទសន្និបាតសុខាភិបាលលើកទី៤០។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះមន្ត្រីរាជការ បុគ្គលិកសុខាភិបាលទូទាំងប្រទេស ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ និងការលំបាកដើម្បីអនុវត្តគោលនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាលឲ្យសម្រេចបានលទ្ធផលជាច្រើនគួរជាទីមោទនៈ ពិសេសអប់រំសុខភាព ការពិនិត្យព្យាបាល និងយន្តការគាំពារសុខភាពជូនប្រជាពលរដ្ឋដែលទទួលបាននូវភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីសំណាក់ដៃគូអភិវឌ្ឍសុខាភិបាល អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អន្តរជាតិ និងវិស័យពាក់ព័ន្ធនានា រួមមានរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សមាគមវិជ្ជាជីវៈសុខាភិបាល និងវិស័យឯកជនដែលបានសហការចូលរួមគាំទ្រយ៉ាងសកម្មដើម្បីអនុវត្តសកម្មភាពសំខាន់ៗនៅក្នុងវិស័យសុខាភិបាល។ ក្នុងឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍ និងការទូន្មានដល់ក្រសួងសុខាភិបាល អាជ្ញាធរពាក់ព័ន្ធ រួមគ្នាអនុវត្តនូវចំនុចសំខាន់ៗដូចខាងក្រោម៖ ១)ត្រូវរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធិភាពនៃសេវាសុខាភិបាល ជាពិសេស សេវាសុខភាពបឋម សេវាសង្គ្រោះបន្ទាន់ និងបង្កើនការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងបច្ចេកវិទ្យាវិជ្ជសាស្ត្រ។ ទន្ទឹមនឹងនេះដែរ ត្រូវលើកកម្ពស់សមត្ថភាពនិយ័ត្រកម្មទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ហើយត្រូវទទួលសុខត្រូវក្នុងការផ្តល់សេវាសុខាភិបាល ការស្រាវជ្រាវសុខាភិបាល រួមមាន ជំងឺឆ្លង និងជំងឺមិនឆ្លង ពង្រឹងប្រព័ន្ធអង្កេត តាមដាន ដើម្បីឆ្លើយតបគ្រោះអាសន្នផ្នែកសុខភាពសាធារណៈឲ្យស្របតាមល័ក្ខខ័ណ្ឌច្បាប់សុខភាពអន្តរជាតិ។ ២)ត្រូវរួមគ្នារៀបចំនិងអនុវត្តឲ្យមានសុវត្ថិភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធាមនុស្សក្នុងវិស័យសុខាភិបាល ពង្រឹងសមត្ថភាពជំនាញ តាមរយៈការបណ្តុះបណ្តាលមុនពេលចូលបម្រើការងារ និងក្នុងពេលបម្រើការងារ ជាពិសេសត្រូវអនុវត្តប្រព័ន្ធទិន្ន័យគ្រប់គ្រង់ធនធានមនុស្សសុខាភិបាល ការពង្រាយបុគ្គលិកសុខាភិបាលដែលមានជំនាញច្បាស់លាស់ទៅកាន់ទីជនបទ និងត្រូវលើកទឹកចិត្តជូនដល់បុគ្គលិកសុខាភិបាលនៅតាមទីជនបទដាច់ស្រយាល។ ៣)ត្រូវរួមគ្នាអនុវត្តវិធានការទប់ស្កាត់និងបង្ការជំងឺដោយបង្កើនកិច្ចសហការជាមួយសហគមន៍ និងភាគីពាក់ព័ន្ធ ដើម្បីអប់រំនិងផ្សព្វផ្សាយអំពីអនាម័យសុវត្ថិភាពចំណីអាហារ ការថែទាំសុខភាព និងផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ឬថ្នាំជក់ និងផលប៉ះពាល់ដោយសារកត្តាប្រែប្រួលអាកាសធាតុ។ ៤)ពង្រឹងការអនុវត្តច្បាប់ បទបញ្ញាតិពាក់ព័ន្ធក្នុងការគ្រប់គ្រងការប្រើប្រាស់ឱសថដោយគ្មានវិជ្ជបញ្ជា ការប្រើសារធាតុគីមីក្នុងចំនីអាហារ និងការប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំជក់។ ៥)ត្រូវរួមគ្នាឲ្យមានយន្តការពហុវិស័យក្នុងសហគមន៍ លើកម្ពស់អាហារូបត្ថម្ភ ដោយមានការចូលរួមពីសហគមន៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងតំបន់ ដែលមានបញ្ហាប្រឈមកំរិតខ្ពស់ចំពោះកង្វះអាហាររូបត្ថម្ភ។ ៦)ត្រូវរួមគ្នាអនុវត្តប្រព័ន្ធគាំពារសង្គម តាមរយៈការបង្កើនវិសាលភាពគ្របដណ្តប់នៃមូលនិធិសមធម៌សុខភាព របបសន្តិសុខសង្គម ផ្នែកថែទាំងសុខភាពសម្រាប់មន្ត្រីសាធារណៈ កម្មករ និយោជិក នៃវិស័យ ក្នុងប្រព័ន្ធ និងការរៀបចំបទដ្ឋានគតិយុត្តិ និងយន្តការដាក់ឲ្យដំណើរការប្រព័ន្ធធានារ៉ាប់រងសុខភាពសង្គមសម្រាប់ប្រជាជនក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ៧)ក្រសួងសុខាភិបាលត្រូវធ្វើវិចារណកម្មមុខងារ និងភារកិច្ច រចនាសម្ព័ន្ធគ្រប់គ្រង់ស្ថាប័ន និងការសម្របសម្រួលអន្តរស្ថាប័នតាមរយៈការពង្រឹងភាពជាអ្នកដឹកនាំមានគណនេយ្យភាពច្បាស់លាស់ ពង្រឹកសាមគ្គីភាពផ្ទៃក្នុងស្ថាប័ន និងអង្គភាពសុខាភិបាលគ្រប់ជាន់ថ្នាក់ អនុវត្តឲ្យបានម៉ត់ចត់នូវក្រមប្រតិបត្តិវិជ្ជាជីវៈផ្សារភ្ជាប់និងក្រមអភិវឌ្ឍមូលធនមនុស្ស ជាពិសេសគុណវឌ្ឍល្អប្រសើរ សមត្ថិភាពជំនាញ ទេព្យកោសល ការលើកទឹកចិត្ត ការផ្តល់អត្ថប្រយោជន៍ផ្សេងទៀតដល់មន្ត្រីបុគ្គលិកសុខាភិបាល។ ៨)ក្រសួងសុខាភិបាលត្រូវរៀបចំគោលនយោបាយនិងផែនការយុទ្ធសាស្ត្រសុខាភិបាលឲ្យបានហ្មត់ចត់តាមរយៈយន្តការតាមដាន និងការវាយតម្លៃដើម្បីជំរុញការអនុវត្ត និងការកែលម្អវិធានការតម្រង់ទិសយុទ្ធសាស្ត្រនិងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ ត្រូវលើកកម្ពស់យន្តការចែករំលែកនិងផ្លាស់ប្តូរព័ត៌មានក្នុងនិងក្រៅវិស័យសុខាភិបាលនៅគ្រប់កម្រិតដើម្បីលើកកម្ពស់ប្រសិទ្ធិភាពនៃការគ្រប់គ្រងនិងការថែទាំសុខុមាលភាពដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនទូទាំងប្រទេសដែលជាអ្នកប្រើប្រាស់សេវាសុខាភិបាលរដ្ឋប្រកបដោយប្រសិទ្ធិភាពនិងតម្លាភាព។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់អង្គសន្និបាត ភ្ញៀវជាតិ និងអន្តរជាតិ មន្ត្រីសុខាភិបាល ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា ព្រមទាំងពុទ្ធពរទាំង៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនដល់មន្ត្រីសុខាភិបាលដែលមានស្នាដៃល្អក្នុងការបម្រើសេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋកន្លងមកប្រកបដោយបរិយាកាសរីករាយនិងស្និទស្នាលក្រៃលែង៕